13/10/2026
សម្តេចនាយករដ្ឋមន្ត្រី Hun Manet ជាទីគោរព ខ្ញុំកំពុងរង់ចាំស្តាប់ចម្លើយរឿង Scam មិនមែនរង់ចាំមើលថា នរណានឹងឈ្នះនរណារវាងសម្តេច និងលោក អ៊ុំ សំអាន នោះទេ
ខ្ញុំបានតាមដានសារឆ្លើយឆ្លងរបស់សម្តេច និងលោក អ៊ុំ សំអាន ជាច្រើនថ្ងៃមកហើយ ដោយឃើញសម្តេចលើកឡើងពីរឿងបង្គោលព្រំដែនលេខ ៥២–៥៩ ជាច្រើនលើកច្រើនសារ ចំណែកឯភាគីម្ខាងទៀតក៏ចេញមុខតបតមិនឈប់ឈរ។
ខ្ញុំយល់ថារឿងព្រំដែនជារឿងសំខាន់ ប៉ុន្តែខ្ញុំចង់សួរថា ការជជែកដេញដោលគ្នាថា នរណាខ្លាច នរណាក្លាហាន នរណាឈ្នះ នរណាចាញ់ តើចុងក្រោយប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ជាដុំកំភួនអ្វីខ្លះ?
មានភស្តុតាងរឿងព្រំដែន គួរតែបញ្ជូនឱ្យអ្នកជំនាញពិនិត្យផ្ទៀងផ្ទាត់តាមនីតិវិធីទៅ មិនចាំបាច់ប្រែក្លាយគ្រប់រឿងឱ្យទៅជាការប្រកួតប្រជែងរវាងនាយករដ្ឋមន្ត្រី និងអ្នកនយោបាយប្រឆាំងនោះឡើយ។
ឥឡូវនេះ ខ្ញុំមានអារម្មណ៍ចាប់អារម្មណ៍លើប្រធានបទមួយផ្សេងទៀតច្រើនជាង។
កាលពីថ្ងៃទី ១០ ខែតុលា Al Jazeera បានផ្សព្វផ្សាយវីដេអូស៊ើបអង្កេតអំពីគម្រោង Long Bay នៅក្នុងខេត្តកោះកុង ដោយបានទម្លាយការចោទប្រកាន់ធ្ងន់ធ្ងរពាក់ព័ន្ធនឹងបណ្តាញឆបោក Scam និងទំនាក់ទំនងជាមួយអាជ្ញាធរមានសមត្ថកិច្ច។
ខ្ញុំចង់ស្តាប់ចម្លើយលើរឿងនេះពីសម្តេចនាយករដ្ឋមន្ត្រីដោយផ្ទាល់។
ខ្ញុំដឹងថា នៅថ្ងៃនេះ លោក ឆាយ ស៊ីណារិទ្ធ បានចេញមុខបកស្រាយហើយថា សមត្ថកិច្ចកំពុងស៊ើបអង្កេតលើឈ្មោះ Deng Pibing ហើយរដ្ឋាភិបាលធ្លាប់បានចុះពិនិត្យទីតាំងនោះរួចហើយពីមុន។ រឿងនេះខ្ញុំបានទទួលជ្រាប ប៉ុន្តែខ្ញុំនៅតែមានសំណួរដេញដោលបន្ត។
បើបានរកឃើញទីតាំងសង្ស័យតាំងពីខែកុម្ភៈ តើលទ្ធផលនៃការអនុវត្តច្បាប់ឈានទៅដល់ណាហើយ? តើបានចាប់ខ្លួននរណះខ្លះ? តើបានបញ្ជូននរណះទៅតុលាការ? តើមានការស៊ើបអង្កេតលើការចោទប្រកាន់ជុំវិញមន្ត្រីនគរបាលដែរឬទេ? ហើយបើដឹងថាេមScamរូបនោះបានចាកចេញពីប្រទេសតាំងពីខែឧសភា តើរដ្ឋាភិបាលបាន និងកំពុងតាមដានបន្តដោយរបៀបណា?
ខ្ញុំមិនបានទាមទារឱ្យសម្តេចកាត់កាល ឬវិនិច្ឆ័យទោសនរណាម្នាក់មុនសាលក្រមតុលាការនោះទេ ប៉ុន្តែខ្ញុំចង់ឃើញ វឌ្ឍនភាពនៃការងារដែលអាចត្រួតពិនិត្យបាន។
សូមកុំភ្លេចថា រឿងនេះមិនមែនត្រឹមតែជាព័ត៌មានដែលធ្វើឱ្យខូចខាតរូបភាពកិត្តិយសប្រទេសជាតិប៉ុណ្ណោះទេ សូម្បីតែស្ថាប័ន IMF ក៏បានបញ្ជាក់ដែរថា ការខូចខាតកេរ្តិ៍ឈ្មោះដោយសារបណ្តាញ Scam កំពុងតែដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើសេដ្ឋកិច្ចកម្ពុជា។
នៅពេលដែលប្រទេសជាតិត្រូវការអ្នកទេសចរ ត្រូវការដើមទុនវិនិយោគពីបរទេស និងត្រូវការបង្កើតការងារជូនប្រជាពលរដ្ឋ ទំនុកចិត្តគឺជាកត្តាសំខាន់បំផុត។
ខ្ញុំមិនដឹងថា ហេតុអ្វីបានជាការឆ្លើយឆ្លងគ្នាតាមផ្លូវនយោបាយរឿងព្រំដែន បែរជាកើតឡើងចំចន្លោះពេលនៃការផ្សាយវីដេអូរបស់ Al Jazeera នេះទេ ហើយខ្ញុំក៏មិនចោទប្រកាន់ថាសម្តេចចេតនាបង្វែរដានព័ត៌មានដោយគ្មានភស្តុតាងដែរ។
ប៉ុន្តែ ខ្ញុំមិនចង់ឱ្យប្រជាពលរដ្ឋវេងវង់តាមដានតែការឆ្លើយឆ្លងគ្នារវាងអ្នកនយោបាយ រហូតដល់ភ្លេចតាមដានចម្លើយលើប្រធានបទដែលប៉ះពាល់ដល់សេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះប្រទេសជាតិក្នុងរយៈពេលវែងនោះឡើយ។
សម្តេចនាយករដ្ឋមន្ត្រីបាទ! រឿងព្រំដែនអាចបន្តដំណើរការតាមរយៈក្រុមអ្នកជំនាញ និងយន្តការចរចាទៅមុខបាន។ ចំណែកឯរឿង Scam ខ្ញុំចង់ឃើញរដ្ឋាភិបាលបើកបង្ហាញវឌ្ឍនភាពជាប្រចាំ ជាពិសេសលទ្ធផលនៃការស៊ើបអង្កេតលើបុគ្គលដែលនៅពីក្រោយខ្នងបណ្តាញទាំងនេះ។
ខ្ញុំមិនបានខ្វល់ថា សម្តេច ឬលោក អ៊ុំ សំអាន នរណានឹងឈ្នះនៅក្នុងការដេញដោលគ្នានោះទេ ព្រោះទោះបីជាភាគីម្ខាងសុខចិត្តចុះចាញ់ភាគីម្ខាងទៀត ក៏វាមិនបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើនឡើងសូម្បីតែបន្តិចដែរ។
អ្វីដែលខ្ញុំចង់ឃើញ គឺរដ្ឋាភិបាលឆ្លើយសំណួរពិបាកៗដោយប្រើប្រាស់ភស្តុតាង មិនមែនបណ្តោយឱ្យប្រជាពលរដ្ឋតាមដានតែការឆ្លើយឆ្លងគ្នាតាមផ្លូវនយោបាយនោះឡើយ។
នៅថ្ងៃនេះ ខ្ញុំនៅតែរង់ចាំស្តាប់ចម្លើយរឿង Long Bay ជានិច្ច។